ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចធំចូលក្នុងរាជធានីភ្នំពេញ ត្រូវសុំជួប លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១

ភ្នំពេញ៖ នាយប្រុញបានទៅទទួលទានកាហ្វេនៅហាងមួយកន្លែងម្តុំទួលគោក ខណៈនោះចៃដន្យឃើញមនុស្សមួយក្រុមមានគ្នា៣-៤នាក់កំពុងជជែកពីរឿងការងាររកស៊ី ខណៈនោះនាយប្រុញបានផ្ទៀងត្រចៀកស្តាប់ដោយយកចិត្តទុកដាក់បំផុត។ មួយស្របក់ក្រោយមកពួកគេបានលើកយកឈ្មោះ លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១មកនិយាយ ដែលនាយប្រុញសូមដាក់រហស្សនាមថា “ជាក្រុមមាត់ចាបមាត់ព្រាប”។

ពួកគេបានខ្សឹបខ្សៀវគ្នាថា លោក អ៊ួន សុវណ្ណារ៉ា យីអ៊ុនឡើងខ្ពស់ត្រដែតតែម្តង តាំងពីទទួលតំណែងជាមេគយចល័តតំបន់១ កាលណាមក រាល់ឈ្មួញដែលរកស៊ីនាំទំនិញ ទាំងតូច ទាំងធំ ទាំងទំនិញស្របច្បាប់ និងមិនស្របច្បាប់ ចូលមកក្នុងរាជធានីភ្នំពេញ ត្រូវធ្វើការទំនាក់ទំនងជួប លោក អ៊ួន សុវណ្ណារ៉ា ជាមុនសិន។

ក្រុមមាត់ចាបមាត់ព្រាបបាននិយាយថា មន្ត្រីគយចល័ត បានឃុបឃិតជាមួយឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ហើយឈ្មួញទាំងនោះអាចធ្វើការដឹកទំនិញចូលមកកាន់រាជធានីភ្នំពេញបានយ៉ាងរលូន មិនថាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញស្របច្បាប់នោះឡើយ។

ក្រុមមាត់ចាបមាត់ព្រាបបានបន្តថា ក្នុងមួយថ្ងៃៗ ឬមួយយប់ៗយ៉ាងហោចមានរថយន្តធំៗមិនតិចជាង ៥០០ ទៅ១០០០គ្រឿង និងអាចលើសពីនេះ បានដឹកជញ្ជូនទំនិញចូលមកក្នុងរាជធានីភ្នពេញ និងត្រូវដកតុងក្បាលឡានតាមរបៀបពុករលួយជូនមន្ត្រីគយចល័តតំបន់១ មិនក្រោមពី១០០ដុល្លារ ទៅ៤០០ដុល្លារឡើយ តាមប្រភេទទំនិញជាក់ស្តែង..sic។

ដូច្នេះបើតាមការលើកឡើងពីក្រុមមាត់ចាបមាត់ព្រាបខាងលើអាចនិយាយបានថា លោក អ៊ួន សុវណ្ណារ៉ា បន្ទាប់ពីទទួលបានតំណែងជាមេគយចល័តតំបន់១ គ្រប់គ្រងផ្លូវជាតិជុំវិញរាជធានីភ្នំពេញ កំពុងមានការកាក់កបជាខ្លាំងក្នុងការប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញ ដើម្បីយកទៅធ្វើមានបានផ្ទាល់ខ្លួន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក អ៊ួន សុវណ្ណារ៉ា អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily មិនទាន់អាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធការលើកឡើងពីសំណាក់ក្រុមមាត់ចាបមាត់ព្រាបខាងលើនេះ ព្រោះពុំមានលេខទូរស័ព្ទ៕ នាយប្រុញ