ឯកឧត្តម ហ៊ុន ម៉ានី ស្នើពលរដ្ឋជៀសវាងធ្វើសកម្មភាពទាំងឡាយណាប៉ះពាល់ដល់ស្មារតីកីឡា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា បានបង្ហោះវីដេអូមួយនិងថាទង្វើនេះមិនគួរឲ្យកើតមាននោះទេ។ ឯកឧត្តមបានស្នើដល់ប្រជាពលរដ្ឋគ្រប់រូបជៀសវាងធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្មារតីកីឡា។
វីដេអូដែលឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញនូវសកម្មភាពរបស់អ្នកគាំទ្រកម្ពុជាជ្រុលនិយមមួយចំនួនដែលបានប្រើប្រាស់ភាសាដេញកីឡាករថៃចេញពីប្រទេសកម្ពុជា។ ដោយឯកឧត្តមថា សកម្មភាពនេះមិនគួរកើតមានសោះ! ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម។
ឯកឧត្តម ហ៊ុន ម៉ានី ថា៖ «ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ឯកឧត្តមបន្ថែមថា រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជា ជាអ្វីដែលពលរដ្ឋគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។
ឯកឧត្តមសង្ឃឹមថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕