
ថៃប្រកាសរកឃើញករណីវិជ្ជមានដំបូង នៃមេរោគបំប្លែងថ្មី «អូមីក្រុង»
បាងកក ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីវិជ្ជមានដំបូង នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) លើពលរដ្ឋអាមេរិកាំងម្នាក់ ដែលបានធ្វើដំណើរពីប្រទេសអេស្ប៉ាញ ចូលមកកាន់ប្រទេសថៃកាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលចំណុះឲ្យក្រសួងសុខាភិបាលថៃ លោក Opas Karnkawinpong បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះទៀតថា ការរកឃើញខាងលើនេះ បានធ្វើឲ្យថៃក្លាយជាប្រទេសទី៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមាននៃមេរោគបំប្លែងថ្មី Omicron ដែលត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជា «វីរុសស្ថិតក្នុងក្តីព្រួយបារម្ភ»។
លោក Opas បានលើកឡើងយ៉ាងដូច្នេះថា «ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញលើបុរសអាមេរិកាំងវ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់នៅប្រទេសអេស្ប៉ាញ អស់រយៈពេលមួយឆ្នាំមកហើយ និងបានធ្វើដំណើរមកដល់ប្រទេសថៃ (កាលពីអំលុងចុងខែវិច្ឆិកា)»។
លោក Opas បញ្ជាក់បន្ថែមថា អាជ្ញាធរថៃក៏បានធ្វើតេស្ត ទៅលើអ្នកពាក់ព័ន្ធជាមួយនឹង ករណីវិជ្ជមានទី១ នេះទាំងអស់ផងដែរ ប៉ុន្តែពួកគេទំនងជាមានហានិភ័យនៃការឆ្លងទាបប៉ុណ្ណោះ៕