រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអានកូរក្នុងគម្រោងទឹកប្រាក់ប្រមាណជាង១លានដុល្លារ
ខេត្តព្រះសីហនុ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយ មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវក្រួសក្រហម មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ដែលបច្ចុប្បន្នមានការអភិវឌ្ឍន៍ និងកំពុងប្រែក្លាយទៅជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអានកូរ ក្នុងគម្រោងទឹកប្រាក់ប្រមាណជាង១លានដុល្លារ។
លោក ណាំ គាតេង អ្នកគ្រប់គ្រងទូទៅតំបន់អភិរក្សទឹកស្អាតអានកូរក្បាលឆាយបានឲ្យដឹងថា រមយណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអានកូរ ជារមណីយដ្ឋានពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រោះមានទឹកជ្រោះធ្លាក់ជាច្រើនជាន់ មានកន្លែងអង្គុយលេងសម្រាប់ហូបចុកក្នុងតម្លៃសមរម្យ។
លោកបន្ថែមឲ្យដឹងថា ក្រុមហ៊ុនអានកូរបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន វិនិយោគឲ្យមានកន្លែងចែវទូកលេងកម្សាន្ត និងជិះទូកបណ្តែតទឹកតាមដងជ្រោះ មានចម្ងាយជាង២គីឡូម៉ែត្រ។ លោកបញ្ជាក់ថា ចំពោះសំបុត្រចូលលេងកម្សាន្តជិះទូកបណ្តែតទឹកមានតម្លៃ៣០ដុល្លារ ក្នុង០១នាក់ ហើយទូកមួយអាចជិះបាន០២នាក់ ស្មើនឹងតម្លៃ៦០ដុល្លារ និងទទួលបានអាហារមួយពេលផងដែរ ហើយអាចលេងកម្សាន្តបានពេញមួយថ្ងៃតែម្តង មិនមានកំណត់ម៉ោងទេ។
លោកបន្តថា ចំពោះភ្ញៀវដែលចូលកម្សាន្ត និងងូតទឹកជ្រោះលេងធម្មតា មិនមានការយកលុយឡើយ ប៉ុន្តែសម្រាប់រថយន្តតម្លៃ៥០០០រៀល និងម៉ូតូ២០០០រៀល តែប៉ុណ្ណោះ៕ អត្ថបទ៖ ទឹង សុភាព