២ម៉ឺនសំបុត្រកក់តាម Wonder Pass និង App SEAGames 2023 សម្រាប់ការប្រកួតបាល់ទាត់ កម្ពុជាប៉ះឥណ្ឌូណេស៊ី ពេញអស់ហើយ
ភ្នំពេញ៖ សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់បុរសក្រុមជម្រើសជាតិកម្ពុជា U22 ទល់នឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U22 ត្រូវបានកក់តាមរយៈ Wonder Pass និង App SEA Games 2023 ពេញអស់ហើយ។ នេះបើយោងតាមការឱ្យដឹងពីសហព័ន្ធបាល់ទាត់កម្ពុជានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចាក់ថា៖ «សំបុត្រចំនួន ១០ ០០០សំបុត្រ ដែលបានដាក់ជូនបងប្អូនអ្នកគាំទ្រកក់តាម Wonder Pass ត្រូវបានកក់ពេញហើយ។ សូមអធ្យាស្រ័យចំពោះបងប្អូនដែលមិនទាន់បានកក់»។
ជាមួយគ្នានេះដែរ សម្រាប់សំបុត្រកក់តាម App SEA Games 2023 ចំនួន ១០ ០០០សំបុត្រ ក៏ត្រូវបានកក់អស់ដូចគ្នាផងដែរ។ សហព័ន្ធបានបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់បុរស នៅថ្ងៃទី១០ ខាងមុខនេះ អនុញ្ញាតឱ្យប្តូរយកសំបុត្រនៅថ្ងៃទី៩ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ១០យប់ និងថ្ងៃទី១០ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤រសៀល នៅទីតាំងរួមមាន AEON1 AEON 2 AEON 3 និង Eden Garden។ សំបុត្រដែលកក់បានជោគជ័យ ដែលមានកូដ QR បញ្ជាក់គឺត្រូវបានធានាថានឹងទទួលបានសំបុត្រខ្លួនរហូតដល់ពេលវេលា និងកាលបរិច្ឆេទខាងលើ។
គួរឱ្យដឹងដែរថា កម្ពុជានឹងត្រូវប្រកួតប៉ះឥណ្ឌូណេស៊ី សម្រាប់ការប្រកួតចុងក្រោយនៅក្នុងពូល A ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕