អតីតសិស្សគរុកោសល្យភូមិភាគស្ទឹងត្រែងជំនាន់ទី៣៨ ទទួលសញ្ញាបត្រគ្រូបង្រៀនពីក្រសួងអប់រំ យុវជន និងកីឡា
ខេត្តស្ទឹងត្រែង៖អតីតគរុសិស្សជំនាន់ទី៣៨នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ចំនួន១១៩ នាក់ ក្នុងនោះមានស្រី្ត៦៦នាក់ ដែលមកពីខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងស្ទឹងត្រែងទទួលបានសញ្ញាបត្រគ្រូបង្រៀនពីក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ។
លោក ញ៉ែម សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ បាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ក្នុងនោះដែររាជរដ្ឋាភិបាល ក៏បានកំណត់យកការកសាងធនធានមនុស្សជាមុំទី១ នៃយុទ្ធសាស្ត្រចតុកោណ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះរាជរដ្ឋាភិបាល បានបង្កើនកញ្ចប់ថវិកាជាតិលើវិស័យអប់រំ ដើម្បីឆ្លើយ តបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល។
លោកបន្តថា តាមរយៈការផ្តល់សញ្ញាបត្រគ្រូបង្រៀនជូនដល់អតីតៈគរុសិស្សជំនាន់ទី៣៨នេះ បានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពុះពារគ្រប់ការលំបាក ដើម្បីទទួលបានជោគជ័យ។ ហើយសញ្ញាបត្រគ្រូបង្រៀនដែលលោកគ្រូ អ្នកគ្រូម្នាក់ៗបានទទួលនៅថ្ងៃនេះ ពុំមែនទទួលបានមកដោយងាយស្រួលនោះឡើយ វាគឺជាកិច្ចការដែលត្រូវធ្វើ ត្រូវលះបង់អស់រយៈពេល២ឆ្នាំ ទើបសម្រេចបានមក ។ ជាពិសេស គឺលោកឪពុក អ្នកម្តាយរបស់លោកគ្រូ អ្នកគ្រូដែលបានព្រម លះបង់កម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យសម្បត្តិគ្រួសារ ដើម្បីឲ្យកូនមានអនាគតភ្លឺស្វាង មានចំណេះដឹង មានការងារ និងមានប្រាក់ខែ៕ ដោយ៖ ម៉ាវិន