សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីទីម័រលេស្តេ
ឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត អំឡុងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោហ៊ុន សែន នោះទេ ។ ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជាបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថាប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។
ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមប្រធានបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹង ប្រព្រឹត្ត ទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី៕