បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិតបញ្ជាក់ថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ស្នើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។ ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ។
ឯកឧត្តម បណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានរួមគ្នាជាកម្លាំងសរុបក្នុងការលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន, ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកបត់បេះដូងជិត ៤ លាន និងរាំម៉ាឌីហ្សុនដែលមានអ្នករំាច្រើនជាងគេសរុប ៤.៩៩៩ នាក់ ព្រមទាំងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង ជាដើម ដោយព្រឹត្តិការណ៍ទាំងអស់នេះ សុទ្ធតែបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ៕