អគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ 

ខេត្តក្រចេះ ៖ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ម៉ាស្សា ហីរ៉ូមីកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលជាជំនួសឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត រួមនិងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងព្រះសង្ឃ លោកអភិបាលស្រុក ក្រុងទាំង៦ជុំវិញខេត្ត លោកប្រធាន អនុប្រធានមន្ទីរ បុគ្គលិក នៃមន្ទីរសុខាភិបាលរួមនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

យោងតាមរបាយការណ៍ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានឲ្យដឹងថា រហូតមកដល់ពេកនេះ មន្ទីរសុខាបាលខេត្តបានអនុវត្តយកសំណាកមកដល់ពេលនេះ សរុបបាន ៤៦.២៤៥សំណាក អនុវត្តតេស្តរហ័សបាន៤២.៣៧២សំណាក , តេស្ត PCR បាន៦.៩១៣សំណាក, តេស្ត CP មាន១៦សំណាក, ធ្វើចត្តាឡីស័កបាន៩.៥២៧ នាក់ ក្នុងនោះអ្នកមកពីបរទេស ២.៧៧៥នាក់។ ជំងឺបម្លែងថ្មីប្រភេទ «ដែលតា» មាន១៦នាក់ ,ជាអ្នកសះស្បើយ២.១៨០នាក់ ស្លាប់សរុប៧៥នាក់ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល២៧នាក់ សម្រាកតាមផ្ទះមាន១៤៤នាក់។

ដោយឡែក ចំពោះការចាក់វ៉ាក់សាំងកន្លងមក ចាប់អាយុ១២ឆ្នាំដល់១៨ឆ្នាំឡើងងបាន ៤៨.៤៥៨នាក់ ស្មើ៩៧,២២%  ដុសជំរុញមន្រ្តីរាជការ១០០.៦៣២នាក់ ស្មើ៥%  យុវជនអាយុ១២ឆ្នាំដល់១៨ឆ្នាំ ចាក់វ៉ាក់សាំងបាន៤៨.៤៥៨នាក់ ស្មើ៩៧,២២% កុមារអាយុពី៦ឆ្នាំដល់១២ឆ្នាំ ចាក់វ៉ាក់សាំងបាន ៥៦.១៨០នាក់ ស្មើ១៣១,១៧% ។ រីឯកុមារមានអាយុ៥ឆ្នាំ ចាក់វ៉ាក់សាំងបាន៦.៣០៣ សើ៦០ % ។

ឯកឧត្តមបន្តថា ថ្វីត្បិតជំងឺមានការថមថយបន្តិច តែយើងមិនត្រូវធ្វេសប្រហែសបានទេ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតជានិច្ច ដើម្បីការពារខ្លួនឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវសូមបងប្អូនគ្រប់ៗរូបចូរបន្តអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ឲ្យបានហ្មត់ចត់ និងគោរពតាមវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល។                                          ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសំណេះសំណាល និងក្រើនរំលឹកដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ខិតខំអនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ល្អចំពោះអ្នកជំងឺ និងអ្នករួមការងារជាមួយគ្នា ហើយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ពេទ្យឲ្យបានល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សន្យានឹងបញ្ជូនគ្រូពេទ្យជំនាញល្អមកកាន់ទីនេះ ដើម្បីងាយស្រួលក្នុងការព្យាបាលជំងឺគ្រប់ជំនាញ ដើម្បីកាត់បន្ថយក្នុងការបញ្ជូនជំងឺទៅទីក្រុងភ្នំពេញ  ដែលប្រើប្រាស់ពេលវេលាយូរ ក្នុងបញ្ជូន និងបញ្ជៀសហានិភ័យផ្សេងៗ៕ ដោយ ៖ ស៊ាន ចន្ទ័ដា

IMG_7468