ប្រជាពលរដ្ឋប្តឹងលោកស្រីឧត្តមសេនីយ៍មន្ត្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ទៅសម្តេច ស ខេង រឿងរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិមិនបានសម្រេច
ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋចំនួន១១នាក់(គ្រួសារ)បានសម្រេចដាក់ពាក្យបណ្តឹងលោកស្រីឧត្តមសេនីយ៍ត្រី ស៊ឹម សុខុន អាយុ៥៥ឆ្នាំ ជាមន្ដ្រីពន្ធនាគារខេត្តបាត់ដំបង មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីលោកស្រីធានារត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេច។
បើតាមពាក្យបណ្តឹងចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ អ៊ុន កុសល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង តំណាងឲ្យគ្រួសាររងគ្រោះចំនួន១១នាក់(គ្រួសារ)បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់(គ្រួសារ)បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោក ប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់(គ្រួសារ) ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា ជួយរត់ការប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់នឹងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ដោយគាត់អះអាងថា គេនឹងរើសចេញពីជួរយុវជន គណបក្សប្រជាជនកម្ពុជា។
ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួច តែលទ្ធផលមិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្ត សុំដកយកថវិកាមកវិញ តែរយៈពេលមួយឆ្នាំហើយមិនព្រមឲ្យ។ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្តបានព្យាយាមដោះស្រាយចំនួន៣លើក តែមិនបានថវិកាមកវិញ ទើបយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤៧០០ដុល្លារអាមេរិកមកវិញ តាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់។
សូមរម្លឹកផងដែរថា កន្លងមកមានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលរងគ្រោះចាញ់បោកក្រុមជនឈ្លៀតឱកាសរឿងយកលុយធានារត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឬយោធា ចុងបញ្ចប់ប្រាក់ក៏បង់ ថង់ក៏ដាច បានត្រឹមសោកាដេកឱបទុក្ខ និងឱបបំណុលវ័ណ្ឌក៕
ខាងក្រោមនេះគឺជា ពាក្យបណ្តឹង និងស្នាមមេដៃប្រជាពលរដ្ឋចំនួន ១១នាក់(គ្រួសារ)៖