បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈម

ខេត្តសៀមរាប៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនេះយុវជនអាចចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា «ខ្មែរធ្វើបាន» ខុសពីអតីតកាលដែលអន្តរជាតិស្គាល់ថាជាទឹកដីនៃជម្លោះបែកបាក់។

ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia នៅក្រុងសៀមរាប ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន។

ឯកឧត្តមថា៖ «ពិតណាស់ ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។ ដូច្នេះ សូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង»។

ឯកឧត្តម បណ្ឌិតបានលើកទឹកចិត្តឱ្យបន្តដុសខាត់ផ្នត់គំនិត និងអត្តចរិតរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការបើកចិត្តឱ្យទូលំទូលាយ និងដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់៕