សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ  បានប្រកាសពីការឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដែលបានរត់ក្រោមតំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់បើទោះបីខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកា១ម៉ឺនដុល្លារនេះ សម្ដេចបានចាត់ឲ្យឯកឧត្តម សេង ទៀង ជាអ្នកយកថវិកានេះដោយផ្ទាល់ជូនកីឡាការិនី ប៊ូ សំណាង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។

ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំ និងភរិយា សូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)។ សូមលោក សេង ទៀង យកថវិកាជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ»។

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ៥,០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកី ឡាការិនីរូបនេះ មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនាងទទួលបានតស៊ូ ពុះពាររត់ដល់ទីដោយមិនបោះ បង់ការប្រកួត៕