បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសន្តិភាពដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ ខេត្តកំពង់ធំ បានប្រែក្លាយពីការបំផ្លិចបំផ្លាញដោយសង្គ្រាម មកជាខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។
ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រនាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង២សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនា ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ៕