សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំប្រតិភូវិលត្រឡប់មកកម្ពុជាវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូ​នេស៊ី

ឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់​​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ហោះត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូ​នេស៊ី។

យន្តហោះពិសេសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានហោះចេញពីទីក្រុងឡាប៊ូនបាចូ នៅម៉ោង ១០៖៥០នាទី ព្រឹក ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ត្រូវនឹងម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិកូម៉ូដូ វត្តមាននៃការអញ្ជើញជូន​ដំណើរសម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានលោក លោកស្រី ជាឥស្សរជនជាន់​ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំឥណ្ឌូនេស៊ី ជាច្រើន​រូបទៀត។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញដឹកនាំគណៈប្រតិភូកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៣៖៥០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣៕