លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុង​កិច្ច​ប្រជុំ​កំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្រឡាប៊ូនបាចូ ប្រទេសឥណ្ឌូ​ណេ​ស៊ី រយៈពេល២ថ្ងៃ។ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅ​ចេញ​សេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបាន​បញ្ជា​ក់ការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ «សារៈ​សំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាព​របស់​អាស៊ានឆ្នាំ២០២៣» ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយ​មាន​ភាព​រឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវ​បានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។

ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនោះ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះ​ការចូលរួមជា​លើក​ដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍​ក្នុងនាម​ជា​សមាជិកទី១១ របស់អាស៊ាន។

មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។

លើការកសាងសហគមន៍អាស៊ានវិញ មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិត​ខំ​ប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវ​ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព។ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេច​លើក្របខ័ណ្ឌ​ពេល​វេលា​រយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្តរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយ​ទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការ​សម្លឹង​ឆ្ពោះទៅមុខ។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័តលើសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍មួយចំនួនដូចខាងក្រោម៖

១៖ សេចក្តីប្រកាស​ថ្នាក់​ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងកា​រ​ជួញ​ដូរ​មនុស្ស ដែលបង្កដោយការ​រំលោភបច្ចេកវិទ្យា។
២៖ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។
៣៖ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួច​ផ្តើមសុខភាពតែមួយ។
៤៖ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។
៥៖ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទ​ចំណាកស្រុក។
៦៖ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។
៧៖ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក។ ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាព​អាស៊ាន​ពេញសិទ្ធិរបស់ទីម័រឡេស្ត។
៨៖ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។
៩៖ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន​ស្តីពីការរៀបចំចក្ខុវិស័យសហគមន៍​អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំអាស៊ាន សសើរការងារ​ដែលកំពុង​បន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀប​ចំ​ឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋ​ភាព​ការពារប្រទេស ដោយមានគោលដៅលើកកម្ពស់តួនាទីស្នូល និងយុទ្ធសាស្ត្រ របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿ​ទុកចិត្តគ្នា។

លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារ​ជា​ថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់​សម្គាល់​នូវ​ការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគី នៃTAC​។ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំ​នៃដំណើរការចរចាលើ​សន្ធិ​សញ្ញា​បត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់របស់ខ្លួន ដែលនឹងរួមចំណែក​ដល់​សន្ធិ​សញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម។

លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍​សមិទ្ធផល​សេដ្ឋ​កិច្ច​ជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាព​ជាប្រធានអាស៊ាន​របស់​ខ្លួន រួមមាន៖ ១) ការស្តារ និងការកសាងឡើងវិញ, ២) សេដ្ឋកិច្ចឌីជីថល និង៣) ចីរ​ភាព ដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានាការ​ស្តារ ​និង​ការ​កសាង​​ឡើងវិញ របស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀត សម្រាប់អាស៊ាន ដែលជា​ស្នូល​នៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ដែលប្រកបដោយ បរិយា​ប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និង សន្តិ​សុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនៈ​វិស័យស្តីពី​ឥណ្ឌូ​-ប៉ាស៊ី​ហ្វិក។

មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញ​លេញ​និងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសិប បណ្តោះ​អាសន្ន​ជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយ​ជាលេ​ខា​ធិការដ្ឋានអាសិបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែក​ដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។

សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឱ្យអាស៊ានក្លាយ​ជាចំណុចស្នូល​នៃ​កំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែ​មាន​ភាពប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួច​ជាស្រេចចំពោះការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។

មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះកិច្ចខិត​ខំប្រឹងប្រែង​របស់​មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាពនិងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍​នានា​ដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្ត​រ​ភាពក្នុងរដ្ឋរ៉ាឃីន។

ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់​ធ្ងន់​អំពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក តាមរយៈ​យន្ត​ការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានទន្ទឹងរង់ការរៀបចំ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អាស៊ាន​-ជប៉ុន សម្រាប់ ៥០ឆ្នាំនៃសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បាន​ស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០​ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន-ក្រុមប្រឹក្សា​សហ​ប្រតិបត្តិកា​រ​ឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ី​សាអូឌីត​។

មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់ និងអន្តរជាតិ រួម​មានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និង សង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំកំពូលើកទី៤២នេះ មេដឹកនាំអាស៊ាន ក៏បានជួប​ពិភាក្សា​ជាមួយតំណាង​អន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុម​ប្រឹក្សា​ធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ និងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហា​ប្រឈមនានា​ដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំង​តំបន់​អាស៊ាន ដែលកំពុងជួបប្រទះ។

ជាមួយគ្នានោះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ច​អា​ស៊ាន បានដាក់ជូនរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូន​ប្រមុខដឹកនាំ​អា​ស៊ានទាំង ១០ប្រទេស។ ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់​ឱ្យ​ខ្លាំងក្លាជាងមុន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។

ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍​របស់​វិស័យ​​ឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅ​កាន់​សមា​ហរ​ណ​កម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់​ផងដែរអំពីការអនុវត្ត​កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាព​ជូនថ្នាក់ដឹកនាំ​ពិ​ចារ​ណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ានបានអញ្ជើញ​ធ្វើ​ដំណើរ​តាមទូកកម្សាន្តទស្សនាថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុងឡាប៊ូនបាចូ ខេត្ត East Nusa Tenggara។ មេដឹកនាំអាស៊ាន បានសម្តែងនូវភាពស្និទ្ធស្នាល រ៉ាក់​ទាក់ចំពោះលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន។

បន្ទាប់មកនៅរាត្រីថ្ងៃទី១០ ខែឧសភា លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងភរិយា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលបានយាង និងអញ្ជើញចូលរួម​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី។

លោកប្រធានាធិបតី ចូកូ វីដូដូ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​បំផុត ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានយាង និងអញ្ជើញចូល​រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ។

នៅព្រឹកថ្ងៃទី១១ ខែឧសភា មេដឹកនាំអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹក​នាំ​បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើ​សេច​ក្តីថ្លែង​ការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការ​វាយ​ប្រហារ​​មន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែ​ឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់​ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួល​ខុស​ត្រូវ។ ទន្ទឹមនេះ មេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា​គ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។

មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា។

លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សា​ទំនាក់​ទំនងជាមួយ​ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹក​ចិត្តឱ្យ​អនុ​វត្តការឯកភាព ៥ចំណុច៕