ប្រធានអាស៊ានស្នើឱ្យសហគមន៍អាស៊ានត្រូវរួមដៃគ្នាដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន លោក Joko Widodo បាននិយាយនៅថ្ងៃទី១១ ខែឧសភានេះថា របបយោធាដែលកំពុងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាពុំបានអនុវត្តតាមផែនការស្ដីពីកិច្ចព្រមព្រៀងផ្នែកសន្តិសុខដែលបានធ្វើឡើងជាមួយសហគមន៍អាស៊ានកាលពីពីរឆ្នាំមុនឡើយ ហើយតំបន់អាស៊៊ានទាំងមូលត្រូវតែបង្ហាញពីការរួបរួមក្នុងការសម្រេចចិត្តដោះស្រាយវិបត្តិដែលកំពុងកើនឡើងនូវមីយ៉ាន់ម៉ានេះ។

លោក Joko Widodo ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ នៅឯទីក្រុង Labuan Bajo ដែល​ផែនការ​សន្តិភាព​មីយ៉ាន់ម៉ាគឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗចំនួន ៥ ឬ Five-point consensus ដែលជាប្រធានបទមួយក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំក្នុងតំបន់អាស៊ាននេះ។ លោកបានថ្លែងថា៖ “ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់។ នៅលើការអនុវត្តនៃផែនការរួមទាំង ៥ចំណុច នៅមីយ៉ាន់ម៉ា ពុំទាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះទេ។ ដូច្នេះ​ការ​រួបរួម​អាស៊ាន​ត្រូវ​បាន​ទាមទារ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ជំហាន​បន្ទាប់។”

លោកប្រធានអាស៊ានថ្មីនេះក៏បានអំពាវនាវដល់ក្រុមប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងមីយ៉ាន់ម៉ាខ្លួនឯងផង ឱ្យរៀបចំផែនការឆ្ពោះទៅមុខដើម្បីកាត់បន្ថយអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងកម្លាំងយោធាបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយ លោកស្រី Aung San Suu Kyi កាលពីឆ្នាំ២០២១។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ប្រទេស​ឥណ្ឌូនេស៊ី​បានធ្វើការជួប​ពិភាក្សា​ជាមួយ​ភាគី​ទាំង​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​កិច្ចចរចាអាច​ដំណើរការ​ទៅ​មុខបាន។

ដោយឡែកកាលពីខែមុន សហគមន៍អាស៊ានបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារតាមអាកាសមួយ ដែលបានសម្លាប់មនុស្សច្រើនបំផុតដែលតាមសេចក្តីរាយការណ៍ឱ្យដឹងថា មានអ្នកស្លាប់យ៉ាងហោចណាស់ជាង ១០០នាក់ ខណៈរបបយោធាមីយ៉ាន់ម៉ាបានអះអាងថា នេះគឺជាការវាយប្រហារប្រឆាំងនឹងភេរវករ។

កន្លងមក អាស៊ានបានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាពីការចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួន ជុំវិញការខកខានអនុវត្តនូវផែនការសន្តិសុខដែលមេដឹកនាំមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់បានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២១។ ដោយឡែក អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានប្រាប់មកកាន់សារព័ត៌មានក្រោយកិច្ចប្រជុំកំពូលថា ផែនការដែលពាក់ព័ន្ធនឹងការបញ្ចប់អំពើហិង្សា ការទទួលបាននូវជំនួយមនុស្សធម៌ និងការសន្ទនាក្នុងចំណោមភាគីទាំងអស់ នឹងនៅតែជាមូលដ្ឋានគ្រឹះសម្រាប់ការជជែកពិភាក្សាជាមួយរបបយោធា៕