វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៤,៥៩១ករណី និងស្លាប់២២៣នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៥៩១ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន២២៣នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,១៧៤ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៣២៣,៦៨៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០១០,៤០៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៦,៤៨៣នាក់៕