សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសថា សម្ដេចត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក។ នេះបើយោងតាមការប្រកាសលើផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។

តាមរយៈសារមួយផ្ញើជូនជនរួមជាតិតាមបណ្ដាញសង្គម សម្ដេចក្រឡាហោមបានលើកឡើងដូច្នេះថា៖«ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ៕