កីឡាការិនី ខាន់ ចេសា ឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសក្នុងប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់៥២គីឡូក្រាម នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ បានឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃទី១១ ខែឧសភា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣។

ក្នុងកិច្ចសម្ភាស៍ជាមួយសារព័ត៌មាន កីឡាការនី ខាន់ ចេសា បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និង ប្រជាជនកម្ពុជាដែលផ្តល់កម្លាំងចិត្ត គាំទ្រគ្រប់ការប្រកួតខ្លួន ហើយដើម្បីជាការតបស្នង កីឡាការនីរូបនេះបានយកថវិកា ១ពាន់ដុល្លារឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយដល់ប្រជាជនដែលកំពុងជួបប្រទះទុក្ខលំបាក។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណចំពោះ កញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»៕