រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំពិធីចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក អាជីវករ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច លោកគ្រូ អ្នកគ្រូ យុវជន ព្រះសង្ឃ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ទូលបង្គំខ្ញុំ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តមណ្ឌលគិរី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្វាយព្រះពរចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ នៅក្នុងព្រះរាជឋានៈនេះ បានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងបានបំពេញនូវព្រះរាជកិច្ចប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម និងព្រះរាជសកម្មភាពជាច្រើនក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច និងសុខមាលភាពសាធារណៈ ដោយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង បានប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្រាប់ចែកជូនប្រជារាស្ត្ររបស់ព្រះអង្គ។
ឯកឧត្តម បន្តថា ក្នុងពិធីដ៏ឧត្តុងឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម “កិមិរាទេវី” និងព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី សូមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំសព្វសាធុកាពរជ័យគ្រប់ប្រការថ្វាយជូនចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕ ដោយ៖ ផល្លិត ហៅបូរ៉ា