កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ព្រះរាជាណាចក្រកម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហប្រជាជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។

កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដូចខាងក្រោម៖
១.សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដារគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។

២.សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS – UNAIDS) សម្រាប់អាណត្តិ២០២៣-២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕