គ្រួសាររងគ្រោះដោយអភូតហេតុធម្មជាតិ (រន្ទះបាញ់) ទទួលបានការចូលរួមរំលែកទុក្ខពីសមាគម ស.ស.ប.សខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ លោក ផឹក វិទ្យាវី ប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព គម្រប់៧ថ្ងៃ ដែលបានស្លាប់ដោយអភូតហេតុធម្មជាតិ (រន្ទះបាញ់) បន្សល់ទុកនូវកូនបីនាក់រស់ក្នុងបន្ទុក ខណៈនាំគ្នាទៅសម្អាតបរវេណចំការស្វាយចន្ទី ពេលមេឃកំពុងភ្លៀងរលឹមតិចៗ ។

មានប្រសាសន៍នៅរសៀលថ្ងៃទី១២ឧសភា គ្រាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព នៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក ផឹក វិទ្យាវី ប្រធានសមាគមបានថ្លែងថា ក្នុងនាមប្រធានសមាគម ស.ស.ប.ស.ប្រចាំខេត្តស្ទឹងត្រែងរួមនិងក្រុមការងារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះព្រោះថាគ្រោះថ្នាក់ជាយថាហេតុ គឺយើងពុំអាចមើលដឹងមុននោះឡើយហើយសូមឲ្យគ្រួសារនៃសពមើលទុកដាក់ថែរក្សាកូនចៅឲ្យបានល្អ និងបន្តរៀនសូត្រឲ្យបានគ្រប់ៗគ្នា បន្ទាប់ពីវេលានេះទៅ គឺត្រូវដើរតួនាទីជាម្តាយផងជាឪពុកផង ។

លោកប្រធានសមាគមបានបន្តថា បើទោះបីជានៅទីណា កន្លែងណាក៏ដោយ ឲ្យតែមានការខ្វះខាត និងមានទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នោះសមាគម និងតាមរយៈសមាគម ដែលសប្បុរសជនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយសមាគមនឹងនាំយកនូវសទ្ធារជាសប្បុរសធម៌ទាំងនេះ តាមលទ្ធភាពដែលធ្វបាន យកទៅផ្តល់ជូនដល់ដៃបងប្អូនដែលជួបកង្វល់ និងការខ្វះខាតឲ្យខាងតែបាន ទោះតិចក្តីច្រើនក្តី ដោយមិនប្រកាន់និន្នាការឡើយ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៨ ឧសភា ជនរងគ្រោះឈ្មោះ សឿង ហាយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បាននាំប្រពន្ធឈ្មោះ សែម ឡៅ អាយុ៥៣ឆ្នាំ ទៅសម្អាតចំការចន្ទីរបស់ខ្លួន នៅចំណុចជាំប្រាំង ចំងាយ២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិឃុំខាងលើ ខណៈកំពុងតែកាប់មែកចន្ទីពេលភ្លៀងរលឹមតិចៗ ភ្លាមនោះក៏មានឧបទ្ទវហេតុរន្ទះមកលើពួកគាត់ ក៏បណ្តាលជនរងគ្រោះជាប្តីបានស្លាប់បាត់បង់ជីវិត រីឯប្រពន្ធបានសន្លប់មួយសន្ទុះផងដែរ លុះដឹងខ្លួនមានសភាពហ៊ឹងត្រចៀករងរបួសស្រាល ។ សពក៏ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី និងគម្រប់ខួប៧ថ្ងៃ នៅថ្ងៃទី១២ឧសភានេះ ។

សូមបញ្ជាក់ថា សទ្ធារសប្បុរសធម៌ដែលបានមកពីការជួយឧបត្ថម្ភពីសំណាក់លោកជំទាវ រ័ត្ន ស្រីណា . អ្នកស្រី ជុំ ចំណាប់ ហៅចែមួយ (ម្ចាស់ហាងសាឡនអាមួយ) រួមនិងលោក ឃូ សេងហៀង ប្រធានកិត្តិយស ស.ស.ប.ស ដែលបានចូលរួមរំលែកទុក្ខ តាមរយៈក្រុមការងារក្នុងនោះរួមមាន៖ មី២កេស,ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខកំប៉ុង២យួរ, ប្រេងឆា២ដប, ប៊ីចេង២កញ្ចប់, ស្ករស១កញ្ចប់, ខ្ទឹមស១គីឡូ, ទឹកពិសាបរិសុទ្ធ៦យួរ, អាវយឺត២, ខោអាវឈុត២សម្រាប់, អង្ករ១បាវ=៥០គីឡូក្រាម និងថវិកា៤០មុឺនរៀល ៕