រដ្ឋបាលខេត្តបន្ទាយមានជ័យ និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល៧១ព្រះវស្សា

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល៧១ព្រះវស្សា។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមខេង ស៊ុំម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត, ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីសាលាខេត្តមួយចំនួនទៀត។

ពិធីនេះក៏មានការនិមន្តព្រះសង្ឃ ៧២អង្គ រាប់បាតនៅសាលាខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ លោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕ ដោយ៖ ម៉ា សុភាព