បណ្ឌិត ហ៊ុន ម៉ាណែត ឱ្យក្រុមការងារស្វែងរកក្មេងប្រុសលក់ផ្កាម្នាក់នៅបាត់ដំបង
ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារអមជាមួយរូបភាពលោកនិងក្មេងប្រុសលក់ផ្កាម្នាក់ ដែលបានជួបនៅខេត្តបាត់ដំបង ដោយលើកឡើងថា កាយវិការរបស់ក្មេងម្នាក់នោះ និងដំណើររឿងជីវិតរបស់គេបានធ្វើឱ្យលោកមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន។
សាររបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះឱ្យដឹងថា រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកធ្វើឱ្យលោកមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំលឹកឱ្យដឹងថាពេលលោកកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបង កាលពីថ្ងៃសុក្រកន្លងទៅបានក្រឡេកមើលឃើញក្មេងប្រុសម្នាក់ ដែលកំពុងឈរមើលមកលោកពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់ក្មេងប្រុសនោះ។
នាយឧត្តមសេនីយ៍បានឱ្យដឹងទៀតថា នាយឧត្តមសេនីយ៍បានបក់ដៃហៅក្មេងប្រុសនោះអោយឲ្យចូលមកក្បែរដើម្បីសួរនាំ ហើយបានទិញផ្កាទាំងអស់ដើម្បីចែកជូនអ្នកចូលរួមក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍។ ក្មេងប្រុសលក់ផ្ការូបនោះបានសំពះអរគុណនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ព្រមទាំងស្ទុះមកឱបលោកដោយទឹកមុខសប្បាយរីករាយ មុននឹងលាលោកចេញទៅ។
នាយឧត្តមសេនីយ៍ថា៖ «កាយវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿងជីវិតរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន»។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងថាដោយសារក្មេងប្រុសម្នាក់នោះប្រញាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ នាយឧត្តមសេនីយ៍បានឲ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។
នាយឧត្តមសេនីយ៍ក៏បានអរគុណចំពោះអ្នកដែលផ្ញើររូបថតប៉ុន្មានសន្លឹកនោះមកដល់រូបលោកដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មេងប្រុសលក់ផ្កានោះ៕