រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣០ អាណត្តិទី៣

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែ មិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី ៣០ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម មែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៥ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ចំពោះវត្តមានឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត សមាជិកអង្គប្រជុំទាំងអស់ និងបានធ្វើការពិនិត្យទៅលើរបាយការណ៍ខែវិច្ឆិកា កំណត់ហេតុកិច្ចប្រជុំលើកទី ២៩ ដើម្បីតាមដានការអនុវត្តការងាររបស់មន្ទីរអង្គភាពជំនាញ ព្រមទាំងលើកឡើងពីសំណូមពរ កង្វល់ និងពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ម៉ែន ង៉ុយ បានធ្វើការណែនាំឲ្យអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត ត្រូវធ្វើពង្រឹងការគ្រប់គ្រងឯកសារដែលបានដាក់ស្នើសុំសេវាផ្សេងៗអោយបានល្អ និង ត្រូវយកចិត្តទុកដាក់បំរើសេវាសាធារណៈអោយបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមច្បាប់ដែលបានកំណត់ ។ ចំពោះវិស័យពុទ្ធចក្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរធម្មការនិងសាសនា គួរយកចិត្តទុកដាក់ពង្រឹងទៅលើធម៌វិន័យ ការបណ្ដុះបណ្ដាលព្រះសង្ឃ ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាជាងការបង្កើតវត្តច្រើនតែមិនសូវមានព្រះសង្ឃ ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានលើកឡើងថា គ្រប់មន្ទីរ អង្គភាពទាំងអស់ គួរធ្វើការពិនិត្យ និង កែសម្រួលរបាយការណ៍របស់ខ្លួនអោយបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ  ពាក្យពេចន៍ និង ខ្លឹមសារ មុនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ចៀសវាងការចំណាយពេលច្រើនលើការពិភាក្សា កែសម្រួល អក្ខរាវិរុទ្ធ ក្នុងកិច្ចប្រជុំ ។ ឯកឧត្តមអភិបាលខេត្ត លោកបានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាសំរាមតាមដងផ្លូវ ដោយបានស្នើឱ្យអាជ្ញាធរក្រុងសែនមនោរម្យ ត្រូវធ្វើការណែនាំដល់ម្ចាស់យានយន្ត និងអាជីវករលក់ដូរតាមរទេះ ចាប់ពីរង្វង់មូលគោព្រៃរហូតដល់រូបសំណាកដំរី មិនត្រូវចតយានយន្តឬ រទេះលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈឡើយ ។ ចំពោះបញ្ហាសំរាម ឯកឧត្តមបានស្នើដល់គ្រប់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរួមគ្នាដោះស្រាយបញ្ហាសំរាមនេះ ដើម្បីឲ្យក្រុងរបស់យើងស្អាត បរិស្ថានល្អ និងមានសោភ័ណ្ឌភាពស្រស់ស្អាត ៕ ដោយ ៖ ផែង ផល្លិត