ព្យុះស៊ីក្លូនវាយប្រហាររដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ឆក់យកជីវិតមនុស្ស៤១នាក់
ណៃពិដោ៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច៤១នាក់មកទល់ថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះស៊ីក្លូនដ៏ខ្លាំងមួយបានបោកបក់លើ រដ្ឋរ៉ាឃីន (Rakhine) នៃប្រទេសមីយ៉ាន់ម៉ា។
ព្យុះស៊ីក្លូនឈ្មោះ Mocha បានធ្វើដំណើរទៅដល់ក្បែរទីក្រុងស៊ីតវេ (Sittwe) ដែលជារដ្ឋធានីរបស់រដ្ឋ Rakhine កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ជាមួយកម្លាំងខ្យល់បក់រហូតដល់ខ្ទង់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រធានភូមិ Bu Ma បានប្រាប់ឱ្យដឹងថា មានមនុស្សបាត់បង់ជីវិត ចំនួន១៧នាក់នៅទីនោះ។ តួលេខនេះគឺបន្ថែមលើចំនួនមនុស្សស្លាប់២៤នាក់ នៅភូមិមួយកន្លែងទៀតគឺភូមិ Khaung Doke Kar។ ក្រៅពីនេះផ្ទះសម្បែងរាប់រយខ្នង ក៏បានរងការខូចខាតផងដែរ។
ព្យុះស៊ីក្លូនខាងលើគឺជាព្យុះដ៏អាក្រក់បំផុតមួយ គិតចាប់តាំងតែពីព្យុះស៊ីក្លូនឈ្មោះ ណាហ្គីស (Nargis) ដែលបានបោកបក់លើតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ហើយបានសម្លាប់ជីវិតមនុស្សជិត១៤០,០០០នាក់ កាលពីឆ្នាំ២០០៨៕