ជនរងគ្រោះជាន់មីនដាច់ជើងនៅស្រុកអូរជ្រៅទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្តម អ៊ុំ  រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យព្រមទាំលោកស្រី ជ័យ ណារី  បានដឹកនាំក្រុមការងារសាខា និងថ្នាក់ដឹកនាំសាលាខេត្តបាននាំយកអំណោយចុះសួរសុខទុក្ខជនរងគ្រោះដោយគ្រាប់មីន នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជាជប៉ុន-មង្គលបូរី ។

ជនរងគ្រោះមានឈ្មោះ លី  លាក់ ភេទប្រុស អាយុ៣៧ ឆ្នាំ បុរសពោះម៉ាយ មានបន្ទុកគ្រួសារចំនួន៩នាក់/ស្រី៤ នាក់  រស់នៅភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ។

សូមរំលឹកថា កាលពីម៉ោង៨,៣០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣  ជនរងគ្រោះបានដើររកបេះបន្លែព្រៃគឺស្លឹកព្រិច និងរកចាប់សត្វ នៅចំណុចទំនប់ក៥ ខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នាភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានជាន់មីនប្រឆាំងមនុស្សបណ្តាលឲ្យរងរបួសធ្ងន់ដាច់ជើងខាងឆ្វេង និងលើខ្លួនប្រាណខ្លះទៀត ។

ឯកឧត្តម អ៊ុំ  រាត្រី បានពាំនាំនូវបណ្តាំរំលែកទុក្ខ សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាចំពោះជនរងគ្រោះនិងក្រុមគ្រួសារ។

សូមបញ្ជាក់ថា ជនរងគ្រោះមានជីវភាពក្រីក្រជួបការលំបាកស្រាប់  ហើយមានបន្ទុកគ្រួសារត្រូវចិញ្ចឹមដល់ទៅ៩នាក់ ។ លុះកើតហេតុរងគ្រោះបន្ថែមក្លាយជាជនពិការដូច្នេះទៀត គ្រួសារនេះនឹងកាន់តែលំបាកវេទនាបន្ថែមទៀត។

អំណោយកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដែលនាំមកពេលនេះរួមមាន ទឹកសុទ្ធ២កេស,ទឹកដោះគោឆៅ ២ឡូតិ៍,មី១កេស,ត្រីខ២យួរ ថវិកា៤០ម៉ឺនរៀល និងឯកឧត្តម អ៊ុំ រាត្រី ផ្ទាល់ឧបត្ថម្ភបន្ថែមមានទឹកដោះគោឆៅ២ឡូត៍ និងថវិកា៥០ម៉ឺនរៀល៕ ដោយ៖ ម៉ា សុភាព