៤ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ប្រមាណ១,៥៩០លានដុល្លារ ស្មើ ៤៤.៥៤% នៃផែនការ

ភ្នំពេញ៖ រយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦,៤៤២.៥៤ ប៊ីលានរៀល (ប្រមាណជា ១,៥៩០.៧៥ លានដុល្លារ) ស្មើនឹង ៤៤.៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ។

តាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បង្ហាញថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤.៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣.១១ លានដុល្លារ) ស្មើនឹង ៦.៨១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការងារប្រមូលបំណុលពន្ធមានការថមថយ ដែលក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដោយកន្លងមក មានសហគ្រាសខ្លះបាន និងបន្តយកលេស នៃស្ថានភាពមិនប្រាកដប្រជានិង ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវេះពីការបង់បំណុលពន្ធ ហើយទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាត ឲ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ៕