គម្រោងដេញថ្លៃទាបក្រោម៥០ភាគរយនៅក្រុងស្វាយរៀង និងស្រុករមាសហែក ពលរដ្ឋបារម្ភ ធ្វើគ្មានគុណភាព និងត្រឹមត្រូវតាមស្តង់ដា

ខេត្តស្វាយរៀង៖ គម្រោងដាក់ដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានប្រវែង២៧២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ និងស្លាកសញ្ញាគម្រោងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ដេញបានតម្លៃក្រោម ៥០% ពលរដ្ឋបារម្ភថា តើក្រុមហ៑ុនដេញថ្លៃបានធ្វើត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែរឬទេ?

ការដាក់ដេញថ្លៃនេះធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលាសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសេចក្តីរាយការណ៍ពីអ្នកដេញថ្លៃធ្វើផ្លូវបានឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាប ដោយគម្រោងប៉ាន់ស្មាន៖១៥៧,៩២៤,២០០រៀល ហើយតម្លៃដែលដេញថ្លៃបានក្នុងតម្លៃទាបជាងគេអាចទទួលយកបានគឺ ៖ ៥៥,៥០០,០០០.រៀល របស់ក្រុមហ៑ុន សូ ចាន់រ៉ា ជាអ្នកទទួលការសាងសង់ ។

ពាក់ព័ន្ធនឹងការដេញថ្លៃក្រោម៥០ភាគរយនេះ អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង សង្កាត់ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការ ចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់ឲ្យមានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។

បើតាមអ្នកចូលដេញថ្លៃបានឲ្យដឹងថា ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទាថ្លៃទឹកតែច្រើនហើយថ្លៃ ។ ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាមទាទឹកតែដែរ ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការអស់លុយច្រើន។ជាមួយគ្នានេះនៅតាមសង្កាត់ផ្សេងៗទៀតក្នុងក្រុងស្វាយរៀងក៏មានការដេញថ្លៃនេះដែរគឺតម្លៃដេញថ្លៃបានក្រោម ៥០% ពលរដ្ឋរំពឹងថា មន្ត្រីជំនាញក្រុមបទេសខេត្តនិងចុះពិនិត្យមើលឲ្យបានត្រឹមត្រូវក្នុងការសាងសង់ផ្លូវនីមួយៗផងដែរ កុំឲ្យខាតបង់ថវិកាជាតិដោយធ្វើផ្លូវដដែលៗ។

ជាមួយគ្នានេះគម្រោង ៤ទៀតនៅក្នុងស្រុករមាសហែកក៏បានធ្វើការដេញថ្លៃនៅព្រឹកថ្ងៃដដែលនេះដែរ ដោយក្រុមហ៊ុនជាច្រើនបានដាក់ដេញថ្លៃប្រកាប់ប្រចាក់គ្នា ក្នុងនោះ នៅឃុំអំពិល ស្រុករមាសហែកមានការដេញថ្លៃសាងសង់លូប្រអប់ជ្រុងភ្លោះទំហំ ២ ម៉ែត្រគុណនឹង ១៥ម៉ែត្រប្រវែង៥ ម៉ែត្រនិងសាងសង់លូមូលភ្លោះ មុខកាត់១ម៉ែត្រចំនួន២ កន្លែងនិងសាងសង់លូមូលមុខកាត់០,៦០ម៉ែត្រទោលចំនួន១កន្លែងនិងដាក់ស្លាកសញ្ញាគម្រោង ព្រមទាំងថែទាំរយៈពេល ៦ ខែ តម្លៃប៉ាន់ស្មាន៩៩,២៤៩,៩០០រៀល ដេញថ្លៃបានទៅលើក្រុមហ៊ុនឈឹម ម៉ាលីក្នុងតម្លៃ៥៨,៣០០,០០០រៀល។

ឃុំអំពិលជួសជុលផ្លូវដីប្រវែង៤,៦៩៣ ម៉ែត្រ ទទឹងដី ៦ម៉ែត្រ តម្លៃប៉ាន់ស្មាន១៣៥,៧២៣,០០០រៀលដេញថ្លៃបានទៅលើក្រុមហ៊ុនកែវ សុភ័ក្តក្នុងតម្លៃ៤១,២៩៨,៤០០រៀល។

ប្រភពបន្តថា ឃុំគគីរជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង ៣,៣៣២ ម៉ែត្រទទឹងផ្លូវ ៥ ម៉ែត្រកម្រាស់ថ្មបំបែក ០.១៥ ម៉ែត្រនិងធ្វើស្លាកគម្រោងតម្លៃប៉ាន់ស្មាន២២៤,៩៣៥,០០រៀល ដេញថ្លៃបានទៅលើក្រុមហ៊ុនឈឹម ម៉ាលីក្នុងតម្លៃ៧៧,៦៣៥,៦០០រៀល។

ឃុំត្រស់គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង ២៨៨៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ទឹងក្រាលថ្មបំបែក៤,៥ម៉ែត្រ កម្រាស់ថ្ម០,១៥ ម៉ែត្រ សាងសង់លូមុខកាត់០,៦០ ម៉ែត្រ ចំនួន២កន្លែង សាងសង់លូទោល មុខកាត់០,៨០ម៉ែត្រចំនួន៣កន្លែងនិងដាក់ស្លាកសញ្ញាគម្រោង តម្លៃប៉ាន់ស្មានចំនួន២៦០.៩៨៩.០០០រៀលដេញថ្លៃបានដោយក្រុមហ៊ុនកែវ សុភ័ក្តក្នុងតម្លៃ៧០,១៥៩,១០០រៀល៕