សិង្ហបុរី​ព្យួរក​បុរស​ម្នាក់ទៀត​ពី​បទ​ជួញ​ដូរ​កញ្ឆា​១,៥​គីឡូក្រាម

សិង្ហបុរី៖ សិង្ហបុរីកាលពីថ្ងៃពុធសប្តាហ៍នេះបានកាត់ប្រហារជីវិតបុរសម្នាក់ទៀតដោយព្យួរក ដែលជាប់ទោសពីបទរត់ពន្ធកញ្ឆា ខណៈដែលជាការប្រហារជីវិត​អ្នកទោសលើកទី២ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍។

បុរសខាងលើ មានអាយុ៣៧ឆ្នាំ ត្រូវបានគេប្រហារជីវិតក្នុងពន្ធនាគារ ចាងហ្គី (Changi) ដែលស្ថិតនៅភាគខាងកើតប្រទេសសិង្ហបុរី។ បុរសម្នាក់នោះ ដែលជាពលរដ្ឋសិង្ហបុរីដើមកំណើតម៉ាឡេ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៩ ពីបទរត់ពន្ធកញ្ឆាទម្ងន់១.៥គីឡូក្រាម។ កាលពីថ្ងៃទី២៦ ខែមេសា សិង្ហបុរីទើបតែបានព្យួរកបុរសវ័យ៤៦ឆ្នាំម្នាក់ សម្រាប់ការរត់ពន្ធកញ្ឆាទម្ងន់ជាង១គីឡូក្រាម។

នៅក្រោមច្បាប់របស់សិង្ហបុរី សកម្មភាពរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម គឺត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។ បន្ទាប់ពីបានផ្អាកអំឡុង​ការរាតត្បាតនៃជំងឺកូវីដ១៩ សិង្ហបុរីបានព្យួរកអ្នកទោសសរុបចំនួន១១នាក់ កាលពីក្នុងឆ្នាំ២០២២ ដោយពួកគេសុទ្ធតែពាក់ព័ន្ធនឹងបទល្មើស​គ្រឿងញៀន៕