ថៃ និង​ឥណ្ឌូនេស៊ី ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​បន្ទាប់ពី​ប៉ះទង្គិចគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​

បរទេស ៖ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ស៊ើបអង្កេត​មុននឹង​ចេញ​ការពិន័យ​ជា​ប្រាក់ ឬ​ការព្យួរ​កីឡាករ និង​បុគ្គលិក​របស់​ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយតប់​គ្នា​ចំនួន​ពីរ​ក្នុងអំឡុង​ការប្រកួត​កីឡាបាល់ទាត់​បុរស SEA Games 32 វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ម្ចាស់ផ្ទះ​កម្ពុជា​ស្នើឱ្យ AFC ត្រួតពិនិត្យ និង​សម្របសម្រួល​ការប្រកួត​បាល់ទាត់​ទាំងអស់​នៅ​ស៊ី​ហ្គេម ៣២​។ របាយការណ៍​ចុងក្រោយ​រវាង​ថៃ និង​ឥណ្ឌូនេស៊ី ត្រូវ​បញ្ជូនទៅ AFC ដើម្បី​សម្រេច​លើ​ការពិន័យ​កាលពី​ថ្ងៃ​អង្គារ​។​

​មន្ត្រី AFC បាន​ប្រាប់​សារព័ត៌មាន VnExpress របស់​វៀតណាម កាលពី​ថ្ងៃ​ពុធ​ថា “​នឹងមិន​មានការ​ដក​ហូត​មេដាយ​ទេ ប៉ុន្តែ​កីឡាករ និង​បុគ្គលិក​គ្រូបង្វឹក​ដែល​បាន​ចូលរួម​ក្នុងការ​វាយតប់​គ្នា នឹងត្រូវ​ពិន័យ និង​ព្យួរ​ជើង​” ។ ទោះយ៉ាងណា​ក៏ដោយ វា​អាច​ចំណាយពេល​ដល់​ទៅ​មួយខែ​សម្រាប់ AFC ដើម្បី​សម្រេច​ការពិន័យ​នេះ​៕