ឧត្តមសេនីយ៍ឯក ស ថេត វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលដែលបានចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត សូមវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងចូលរួមការពារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសុវត្ថិភាពខ្ពស់ នៅលើទឹកដីកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារៈកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យដោយមោទនភាពនាពេលនេះ។
ជំនួសមុខឱ្យថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត សូមកោតសរសើរ ដល់ នាយនាយរង នគរបាលគ្រប់ជាន់ថ្នាក់ សូមជូនពរទទួលបានជោគជ័យគ្រប់ភារកិច្ចបន្តទៀត និងជួបប្រទះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទជាផ្លូវការកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយប្រកាសបើកកាលពីថ្ងៃទី៥ ខែឧសភា។
ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណ១៦ថ្ងៃ ជាលទ្ធផលកីឡាករកីឡាការិនីកម្ពុជា បានរកមេដាយជូនជាតិដោយឈរនៅលេខរៀងទី៤ ជាមួយមេដាយសរុបចំនួន ២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧)៕