ចិន ប្រកាស​នឹង​ផ្ដល់ជំនួយ​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​

ប៉េកាំង​៖ ក្រសួងការបរទេស​ចិន បាន​រាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តំណាង​ពិសេស​របស់​ចិន​សម្រាប់​កិច្ចការ​អឺ​រ៉ាស៊ី លោក Li Hui បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី ១៦-១៧ ខែឧសភា ទៅកាន់​ទីក្រុង​គៀវ​។​

សេចក្តីថ្លែងការណ៍​រប​ស់​ទីភ្នាក់ងារ​ការទូត​ចិន បាន​ឲ្យ​ដឹងថា លោក Li Hui បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​ភាគី​ចិន​លើ​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​បញ្ជាក់ថា ប្រេសិត​ចិន បាន​ជួបប្រជុំ​ដាច់ដោយឡែក​ជាមួយ​ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Andrey Yermak និង​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmitry Kuleba​។​
លើសពីនេះ អ្នកការទូត​ចិន ក៏បាន​ជួប​ជាមួយ​តំណាង​ក្រសួងការពារជាតិ និង​ទីភ្នាក់ងារ​អ៊ុយ​ក្រែ​ន ដែល​ទទួលបន្ទុក​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​។​

លោក បាន​សង្កត់ធ្ងន់ថា លើ​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន ទីក្រុង​ប៉េកាំង នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចំនួន ៤ ដែល​បាន​ដាក់ចេញ​ដោយ​មេដឹកនាំ​ចិន លោក Xi Jinping គឺ​គោរព​អធិបតេយ្យភាព គោរព​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដោយ​គិតគូរ​ពី​កង្វល់​របស់​ភាគី​ទាំងសងខាង និង​ប្រើប្រាស់​វិធីសាស្ត្រ​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​ជម្លោះ​។​

ទន្ទឹម​នោះ លោក Li Hui បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​រាល់​ជំនួយ​ដែល​អាចធ្វើ​ទៅបាន​ដល់​ការដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕