បណ្ឌិត ហ៊ុន ម៉ាណែត៖ មានផ្លូវ មានស្ពាន មានសង្ឃឹម គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៤

ខេត្តកំពង់ចាម៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា “មានផ្លូវ មានស្ពាន មានសង្ឃឹម” គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិ និងប្រជាជន។

ឯកឧត្តម បណ្ឌិតថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបន្តថា ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាមនិយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាមបាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមត្រេកអរសាទរចំពោះសមិទ្ធផលថ្មីបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន អ្នកស្រុកស្រីសន្ធរ និងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលរួមមាន៖ ស្ពានបេតុងថ្មីចំនួន៩កន្លែង ក្នុងឃុំចំនួន៥ រួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ប៉េង ហួត គ្រុប។

បើតាម បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជាផ្លូវដីលំធម្មតាក្រោយឆ្នាំរំដោះ ១៩៧៩ សម្រាប់ថ្មើរជើង, កង់, រទះសេះ និងរទះគោ-ក្របីប៉ុណ្ណោះ ប៉ុន្តែពេលនេះបានក្លាយជាផ្លូវបេតុងថ្មីស្រឡាង ដែលអាចពង្រីកសក្តានុពល នៃការធ្វើដំណើរប្រកបដោយភាពងាយស្រួលផង និងបម្រើដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផង។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ និយាយជារួម និងអ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និយាយដោយឡែក ដែលបានជឿជាក់ ជឿទុកចិត្ត ហើយចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះ និងការពារជីវិតពីជំងឺដ៏កាចសាហាវ រាតត្បាតជាសាកល និងសម្លាប់ជីវិតប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោក និងជាង ៣ពាន់នាក់ផងដែរនៅកម្ពុជា។ ការចេញទៅចាក់វ៉ាក់សាំងនេះ គឺជាបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិត ហើយមានភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិតប្រជាជនគ្រប់ពេលវេលា។

ឯកឧត្តមបញ្ជាក់ថា ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត និងការគាំទ្រចំពោះ សម្តេចតេជោ ហើយក៏ជាតថភាពជាក់ស្តែងបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា អាចនឹងបន្តដឹកនាំយូរ ដោយសារការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន។ ប្រជាជនបានផ្តល់នូវយុត្តិធម៌ពិតសម្រាប់អ្នកធ្វើពិត ហើយជាអ្នកដែលដឹកនាំប្រទេសប្រកបដោយធម៌ ដោយឈរលើបុព្វហេតុនៃការអភិវឌ្ឍ តាមរយៈការកំណត់គោលដៅធ្វើយ៉ាងណាឱ្យប្រជាជនមានបាន និងថ្កុំថ្កើងរុងរឿងទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃគ្រប់ជំនាន់៕