រាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សាភាពនឹងនរ ស្ងប់ស្ងាត់ កុំជឿការញុះញង់របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា «រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក»។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា «សូមកុំចូលរួមតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេស ដើម្បីតស៊ូមតិលើករណីដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ មិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន រស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ»។
សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗនេះ បានបដិសេធការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន រស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕រាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សាភាពនឹងនរ ស្ងប់ស្ងាត់ កុំជឿការញុះញង់របស់គណបក្សភ្លើងទៀន៕