បណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបង និងប្អូនស្រី ឱ្យបានរៀនដល់ឧត្តមសិក្សា និងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានជួបផ្ទាល់ហើយ ក្មេងប្រុសលក់ផ្កានៅខេត្តបាត់ដំបង រុន ភារម្យ និងក្រុមគ្រួសាររបស់គេ ដោយសារបានពិនិត្យលទ្ធភាពក្នុងការជួយក្មេងប្រុសរូបនេះ និងក្រុមគ្រួសាររបស់គេ ឲ្យមានមុខរបរជ្រោងជីវភាព ឲ្យល្អប្រសើរជាងមុន។
តាមរយៈព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតបានសម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រីរបស់ឲ្យបានរៀនដល់ឧត្តមសិក្សា ហើយជួយឪពុកម្តាយពួកគេ កែប្រែមុខរបរប្រសើរជាងមុន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួប នៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះ ទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់ នៅពេលក្រោយ។
កាលពីល្ងាចមិញនេះ ឆ្លៀតពេលដែលខ្ញុំត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ ខ្ញុំបានអោយក្រុមការងារនាំក្មួយប្រុស និងក្រុមគ្រួសាររបស់គាត់មកជួបខ្ញុំ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសាររបស់គាត់ និងពិនិត្យលទ្ធភាពក្នុងការជួយពួកគាត់។
ខ្ញុំសូមកោតសរសើរប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មួយៗ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ ខ្ញុំក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)។
ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ខ្ញុំបានសម្រេច៖
១៖ ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុក និងម្តាយរបស់គាត់កែសម្រួលមុខរបរ អោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
២៖ ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។
ខ្ញុំក៏សូមអរគុណដល់លោក លឹម គុណវុធ និងបងប្អូនក្រុមការងារអ.ម.ត ខេត្តបាត់ដំបង ដែលបានស្វែងរកក្មួយប្រុសនិងក្រុមគ្រួសារ និងបានសម្របសម្រួលជំនួបនេះ»៕