ហ្សេលេនស្គី នឹងទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំ G7 នៅប្រទេសជប៉ុន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី នឹងបង្ហាញខ្លួនផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅថ្ងៃអាទិត្យស្អែកនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ហ្សេលេនស្គី នឹងមានកិច្ចភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា (Fumio Kishida)។ លោក ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់ទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅថ្ងៃសៅរ៍នេះ។

បើតាមសេចក្ដីថ្លែងការណ៍ដដែល ដំបូងឡើយ លោកប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G7 តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្លាស់ប្ដូរ ក្រោយលោក ហ្សេលេនស្គីបង្ហាញពីបំណងប្រាថ្នាយ៉ាងរឹងមាំ ថាចង់ចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់៕