បៃដិន ៖ ទំនាក់ទំនងតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងនឹងរលាយបាត់ក្នុងពេលឆាប់ៗ

ហ៊ីរ៉ូស៊ីម៉ា៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃអាទិត្យ (២១ ឧសភា) ថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងគួរតែរលាយបាត់ «ក្នុងពេលឆាប់ៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក បៃដិន​ បានសម្តែងការខកចិត្តដែលឧប្បត្តិហេតុប៉េងប៉ោងចិនកាលពីដើមឆ្នាំនេះ បានរំខានដល់សន្ទុះក្នុងការលើកកម្ពស់ទំនាក់ទំនងររវាងមន្ត្រីកំពូលរបស់ប្រទេសទាំងពីរ។

លោកបន្តថា​ ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈក្នុងការបាញ់ទម្លាក់ប៉េងប៉ោង ដែលត្រូវបានចោទប្រកាន់ថា បានហោះហើរលើដើម្បីស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ ហើយគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានពិពណ៌នាថាជា ឱកាសមួយដើម្បីកែលម្អទំនាក់ទំនងក៏ត្រូវបានលុបចោលដោយសារតែឧប្បត្តិហេតុនេះផងដែរ។

ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះបង្ហាញថា លោករំពឹងថាទំនាក់ទំនងដ៏ល្អក់កករជាមួយប្រទេសចិននឹងរលាយបាត់ឆាប់ៗនេះ បន្ទាប់ពីភាពតានតឹងដែលកើតចេញពីឧប្បត្តិហេតុមួយកាលពីដើមឆ្នាំនេះ នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ប៉េងប៉ោងរបស់ចិន លើទីតាំងយោធាដ៏រសើបមួយ។

លោក បៃដិន បាន​និយាយ​ថា​ ការផ្លាស់ប្តូរទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ប្រសិនបើយើងបាននិយាយគ្នា៕