សម្ដេចតេជោ៖ កម្ពុជា-ចិន មានគោលនយោបាយដូចគ្នា ដោយរាល់គំនិតផ្ដួចផ្ដើមទាំងអស់ បម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជា-ចិន មានគោលនយោបាយដូចគ្នា ដោយរាល់គំនិតផ្ដួចផ្ដើមទាំងអស់ បម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចមានប្រសាសន៍ដូចនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ បានយកឱកាសនេះ ថ្លែងទាក់ទងនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយនៅកម្ពុជា។ សម្រាប់ខួបលើកទី៦៥ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែម ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាចំនួនពីរ ទៅមិត្តចិន គឺទី១-ការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានដើម្បីបង្កើនតម្លៃបន្ថែម។ ទី២-គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។

សម្ដេចបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំបែបនេះ ដោយសារគោលនយោបាយរបស់ប្រទេសទាំងពីរដូចគ្នា គឺបានប្រកាន់ភ្ជាប់នូវរាល់គំនិតផ្ដួចផ្ដើមទាំងអស់ដោយបម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។