សម្ដេចតេជោ ៖ បើគ្មានចំណែកគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយ កម្ពុជាពុំមានមូលដ្ឋានរៀបចំស៊ីហ្គេមឡើយ

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់មិត្តដែកថែបចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងៃ២២ ឧសភា សម្ដេចតេជោបានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយបានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងផ្ដល់ប្រយោជន៍ដល់ប្រទេសជាសមាជិក ដោយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។

សម្ដេចមានប្រសាសន៍ថា «បើនិយាយគ្រាន់តែស៊ីហ្គេម ដែលយើងទើបបិទបញ្ចប់ជោគជ័យនេះ បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវទេ យើងពុំមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីនឹងប្រកួតស៊ីហ្គេមនោះទេ។ ខ្ញុំ បាននិយាយច្រើនលើកហើយ រាប់ទាំងពេលបើក ទាំងពេលបិទដែលខ្ញុំសូមអរគុណចំពោះ សាធារណៈរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ប្រធានាធិបតីចិន ស៊ី ជីនពីងដែលជួយកសាងស្ដាតមួយសម្រាប់យើងធ្វើកម្មវិធីបិទ-បើក និងការប្រកួត ប៉ុន្ដែមិនចប់ត្រឹមហ្នឹងទេ ស្តាតនោះអាចប្រើបាន១០០ឆ្នាំទៀត តកូន តចៅ»៕