អគារសាលាសិក្សា១ខ្នង ៥បន្ទប់ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅសាលាបឋមសិក្សាខ្ទង់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តមណ្ឌលគិរី៖ អគារសាលាបឋមសិក្សាខ្ទង់ ១ខ្នង ៥បន្ទប់ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកកែវសីមា ដែលជាជំនួយអង្គការសប្បុរសធម៌កម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យ៉ិ លីណា ប្រធានអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ រួមទាំងលោក ខេវិន ឡូ ប្រធានអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក លោកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ពីចុងសប្តាហ៍កន្លងទៅ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ការដាក់សម្ពោធអគារសាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលនាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការសម្ដែងចេញនូវកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ដើម្បីជួយដល់ក្មួយៗសិស្សានុសិស្ស ដែលបានរស់នៅតំបន់ដាច់ស្រយាល ក្នុងការទទួលបាននូវសាលារៀនថ្មី រួមទាំងសម្ភារៈសិក្សាជាច្រើនទៀត ដែលបានធ្វើឲ្យក្មួយៗមានការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមនៅក្នុងជីវិតពីសំណាក់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ ដែលបានជួយសាងសង់សាលារៀនសមរម្យ ផ្ដល់ជូនសិស្សានុសិស្ស បានចូលរៀនសាលាល្អប្រកបដោយស្នាមញញឹម។

ឯកឧត្តម បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ដែលបានជួយឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា និងផ្ដល់ជូននូវសម្ភារៈសិក្សាផ្សេងៗជាច្រើនទៀត ជូនដល់សាលាបឋមសិក្សាខ្ទង់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះម្ចាស់ជំនួយដែលបានជួយដល់ខេត្តមណ្ឌលគិរី។

ឯកឧត្តម បន្ថែមថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារៈសំខាន់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំង ដែលធ្វើឲ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ សហគមន៍ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សា ការពារសាលារៀននេះ ឳ្យល្អស្អាត សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយបានចូលរៀន និងរៀបចំកែលម្អសួន ដាំបន្លែ និងព័ទ្ធរបងជុំវិញសាលា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សាខ្ទង់ ដែលជាជំនួយរបស់អង្គការនាពេលនេះ ក៏មានការផ្ដល់ជូននូវសម្ភារៈ ដូចជា តុគ្រូ តុសិស្ស កៅអីសិស្ស និងបន្ទប់ទឹក និងផ្តល់អំណោយដល់សិក្សានុសិស្សមាន ប៊ិច សៀវភៅ និងសម្ភារសិក្សាមួយចំនួន ដើម្បីជួយលើកទឹកចិត្តដល់ក្មួយៗ ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយឡែក ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២លានរៀល សម្រាប់ទិញសម្ភារ ក៏ដូចជា សូឡា សម្រាប់ដាក់នៅបរិវេណសាលាបឋមសិក្សាខ្ទង់នេះផងដែរ៕ ដោយ៖ ផល្លិត ហៅបូរ៉ា