ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភាខាងមុខ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាផ្តល់ឥណទានសម្បទានដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២២ ខែឧសភានេះ។
ការផ្តល់ឥណទានសម្បទានលើគម្រោងពីរមកកម្ពុជា រួមមាន៖
១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤»។ ២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕