ឯកឧត្តម គង់ សោភ័ណ្ឌ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាំឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ទើបកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ការបញ្ជាក់របស់ឯកឧត្តម គង់ សោភ័ណ្ឌ បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេប្រវែង ៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា បើកការដ្ឋានសាងសង់ស្ពានបេតុងអាមេនាពេលនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងឃុំនេះ និងបានប្រសិទ្ធនាមថ្មីថា “ស្ពានជោគជ័យ”។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

សូមធ្វើការប្តេជ្ញាឲ្យខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោតេជោ  ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕