សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកោះញែក
ខេត្តមណ្ឌលគីរី៖ រដ្ឋបាលស្រុកកោះញែក បានចេញសេចក្តីបំភ្លឺព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ស្ថាប័នជំនាញពាក់ព័ន្ធ និងបណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបពាក់ព័ន្ធថា មានមន្ត្រីសុរិយោដីចុះវាស់វែង (GPS) ចំនួន១០០ក្បាលដី នៅលើដីសហគមន៍ និងដីកប់ខ្មោច ដីដំណរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានទីតាំងដីស្ថិតនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋដែលអះអាងថា ដីរបស់ពួកគាត់ជាដីសមូហភាព ឬជាដីសហគមន៍ គឺមិនពិតប្រាកដនោះទេ។
សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបញ្ជាក់ទៀតថា ចំពោះការអះអាងជាដីសមូហភាព ឬដីសហគមន៍នោះពុំមានឯកសារទទួលស្គាល់ពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាផ្លូវការនៅឡើយទេ ហេតុដូច្នេះហើយបានជាក្រុមការងារអន្តរក្រសួងមិនធ្វើការវាស់វែង ហើយទីតាំងដីដែលស្ថិតនៅចំណុចនោះ គឺជាដីដែលពួកគាត់បម្រុងស្នើសុំបង្កើតជាសហគមន៍ ប៉ុន្តែក្រោយពីក្រុមការងាររបស់រដ្ឋបាលស្រុក បានចុះស្រាវជ្រាវឃើញថា ប្រជាពលរដ្ឋដែលបានអះអាងនៅចំណុចដីដែលបម្រុងស្នើសុំបង្កើតជាសហគមន៍នោះ គឺពួកគាត់បានលក់ដូរយ៉ាងពិតប្រាកដ ដោយក្រុមការងារបានរកភស្តុតាងឯកសារកាន់កាប់ផ្ទេរ លក់ទិញជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះសូមសាធារណជនកុំមានការភ័ណ្ឌច្រឡំ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕