បក្ស Move Forward ចុះហត្ថលេខាលើ MOU ជាមួយគណបក្សចំនួន ៧ ឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មី

បាងកក៖ គណបក្សឆ្ពោះទៅមុខ (Move Forward party) និងគណបក្សជាសម្ព័ន្ធមិត្តនយោបាយចំនួនប្រាំពីរ បានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) មួយកាលពីថ្ងៃចន្ទ ក្នុងគោលបំណងបញ្ជាក់ពីកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីជំរុញរបៀបវារៈចំនួន ២៣ នៅពេលដែលរដ្ឋាភិបាលចម្រុះរបស់ពួកគេត្រូវបានបង្កើតឡើង។

អនុស្សារណៈនៃការយោគយល់នេះបានធ្វើឡើង ស្របពេលដែលគណបក្ស Move Forward បានទទួលជ័យជម្នះយ៉ាងនឹកស្មានមិនដល់ក្នុងការបោះឆ្នោតសកលថ្នាក់ជាតិរបស់ថៃកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ហើយមានគោលបំណងក្នុងការបង្កើត​មូលដ្ឋាន​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាលថ្មី​បន្ទាប់​របស់​ប្រទេស​ថៃនិង​ដើម្បី​កំណត់​ទិសដៅ​ការងារ​រួម​ក្នុង​ចំណោម​គណបក្ស​សមាជិក​ទាំង៨។

មេដឹកនាំនៃគណបក្ស Move Forward និងជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី លោក Pita Limjaroenrat បាននិយាយថា នេះគឺជាការចងក្រងរបៀបវារៈដែលយើងបានព្រមព្រៀងគ្នា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញតាមរយៈយន្តការរដ្ឋាភិបាល និងសភា ហើយនេះក៏នឹងបង្ហាញអំពី​ការ​ចែករំលែកការទទួល​ខុស​ត្រូវ​ដោយ​ភាគី​ដែល​នឹង​បង្កើត​រដ្ឋាភិបាល​ជាមួយ​គ្នា។

នៅក្នុងចំណុចសំខាន់ៗនៃអនុស្សារណៈនៃការយោគយល់នេះ គឺការព្រាងរដ្ឋធម្មនុញ្ញថ្មី ការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ការដាក់កញ្ឆាចូលទៅក្នុងបញ្ជីគ្រឿងញៀនដែលត្រូវបានហាមឃាត់ឡើងវិញ និងការជំនួសកាតព្វកិច្ចយោធា និងដាក់បញ្ចូលឡើងវិញនូវគោលការណ៍ស្ម័គ្រចិត្តចំពោះការបម្រើកងទ័ពនៅក្នុងអំឡុងពេលដែលប្រទេសជាតិមានសុខសន្តិភាព។

លោក Pita និយាយថា៖ “គ្រប់ភាគីទាំងអស់បានព្រមព្រៀងគ្នាថា រាល់បេសកកម្មដែលរដ្ឋាភិបាលនឹងចេញ មិនត្រូវប៉ះពាល់ដល់ស្ថានភាពរបស់រដ្ឋក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ឬឋានៈមិនអាចរំលោភបាននៃព្រះមហាក្សត្រឡើយ”។ គួរបញ្ជាក់ថា សមាជិកនៃសម្ព័ន្ធភាពនយោបាយនេះរួមមានដូចជា គណបក្ស Move Forward, Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និង Pue Thai Rumphlang។ សរុបរួមនៃអាសនៈរបស់គណបក្សទាំង ៨ នេះមានចំនួន ៣១៣អាសនៈ នៃអាសនៈសរុបចំនួន ៥០០ក្នុងសភារបស់ថៃ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណបក្សទាំង ៨ នៅពេលនេះ ត្រូវបានគេចាត់ទុកថាជាកាយវិការនិមិត្តរូបមួយដែលរំលឹកដល់ពេលដែលរដ្ឋប្រហារដឹកនាំដោយនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ប្រាយុទ្ធ ចាន់អូចា បានរំខានដល់នយោបាយរបស់ប្រទេសថៃកាលពីប្រាំបួនឆ្នាំមុន។ កាលណោះ ពោលគឺកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កម្លាំងយោធាបានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តីជាប់ឆ្នោត លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែង ហើយរបបយោធាបានគ្រប់គ្រងលើរដ្ឋាភិបាលថៃអស់រយៈពេលជិត ៥ឆ្នាំ មុនពេលដែលការបោះឆ្នោតសកលមួយត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៩ ក្រោមរដ្ឋធម្មនុញ្ញថ្មីដែលសរសេរដោយគណៈកម្មាធិការដែលតែងតាំងដោយយោធា។

នៅពេលនោះ គណបក្សភឿថៃទទួលបានអាសនៈភាគច្រើននៅក្នុងសភា ប៉ុន្តែគណបក្ស Palang Pracharat ដែលគាំទ្រដោយរបបយោធា បានគ្រប់គ្រងបង្កើតរដ្ឋាភិបាលជាមួយសម្ព័ន្ធមិត្តនយោបាយរបស់ខ្លួន ហើយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវបានកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក ប្រាយុទ្ធ បានបន្តចូលរួមការប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំនេះដោយសង្ឃឹមថានឹងបន្តកាន់អំណាចបន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីអស់រយៈពេល ៨ឆ្នាំ ក៏ប៉ុន្តែគណបក្ស United Thai Nation ដែលជាគណបក្សថ្មីរបស់លោក បានចាញ់ការបោះឆ្នោត និងទទួលបានការគាំទ្រនៅលេខរៀងលំដាប់ទី៥។

លោក Pita បាននិយាយកាលពីថ្ងៃចន្ទថា៖ “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ដ៏ល្អដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សង្គមថៃក្នុងការផ្លាស់ប្តូរដោយសន្តិវិធីត្រឡប់ទៅប្រព័ន្ធប្រជាធិបតេយ្យតាមរយៈប្រព័ន្ធសភា”៕