តុលាការសម្រេចឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២នាក់ ដែលបំផុសរឿង «បដិវត្តន៍កសិករ»

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀត ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។

លោក ថេង សាវឿន, លោក ថាន់ ហាច និងលោក ញ៉ិល ភាព ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន រយៈពេល៦ខែ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរីស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាពខុសច្បាប់ នៅក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានអះអាងថា សកម្មភាពរបស់ជនទាំងនេះ មានគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់ កសិករឲ្យងើប បះ បោរ បង្ក ចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ករណីបំផុសរឿង «បដិវត្តន៍កសិករ» ខាងលើនេះ ខាងកម្លាំងសមត្ថកិច្ចមានភស្តុតាងជាច្រើនទៀត ពាក់ព័ន្ធករណីប៉ុនប៉ងផ្តួលរំលំនេះ ហើយក៏មានក្រុមហ៊ុនកសិកម្មមួយចំនួននៅក្នុងស្រុកជាប់ពាក់ព័ន្ធផងដែរ តែមិនទាន់ត្រូវបានតុលាការបញ្ចេញឈ្មោះឲ្យដឹង។

លោក ខៀវ សុភ័គ បានបន្ថែមថា ករណីខាងលើនេះជនសង្ស័យទាំង៣នាក់ ក៏បានសារភាពអំពីផែនការទាំងនេះដែរ ដូច្នេះសរបញ្ជាក់ថា ផែនការបំផុសរឿងបដិវត្តន៍កសិករ ពិតជាមានមែន៕ អត្ថបទ៖ សហការី