ពិធីបុណ្យភ្នំ ឬបុណ្យឡើងអ្នកតាភ្នំ ដែលជាទំនៀមទម្លាប់ និងជំនឿរបស់អ្នកភូមិតានន លើបារមីអ្នកតា “ភ្នំចំបាប់”

ខេត្តតាកែវ៖ “ភ្នំចំបាប់” មានទីតាំងស្ថិតក្នុងភូមិចំនួន៥គឺ ភូមិរំចេក ភូមិតានប់ ភូមិបាត ភូមិតានន និងភូមិពៃ នៃឃុំត្នោត ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

បើតាមការតំណាលតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ “ភ្នំចំបាប់” មានបារមីអ្នកតាពូកែស័ក្តិសិទ្ធិខ្លាំងណាស់ ហើយនៅពេលដែលអ្នកស្រុកមានអាសន្នអ្វីមួយដូចជា “កូនប្រឡង ការងាររកស៊ី មានជំងឺឈឺថ្កាត់ និងគ្រោះរាំងស្ងួតជាដើម”។ល។ គេតែងធ្វើការបន់ស្រន់ដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន និងបានជាសះស្បើយពីជំងឺ ហើយមានការសមប្រកបស្ទើរតែគ្រប់ៗគ្នា។

ដោយសារតែមានជំនឿរលើបារមីអ្នកតាភ្នំនេះហើយ ទើបអ្នកស្រុកដែលរស់នៅក្បែរជើង “ភ្នំចំបាប់” ពិសេសគឺ ប្រជាពលរដ្ឋក្នុងភូមិតានន បានរៀបចំសាងសង់ស្តូប និងរូបសំណាកនៅលើកំពូល “ភ្នំ” ដើម្បីតម្កល់ទុកជាទីកន្លែងសម្រាប់គោរពសក្ការៈបូជា ទៅតាមទំនៀមទម្លាប់ និងប្រពៃណីសាសនា ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នារៀបចំប្រារព្ធនូវពិធីបុណ្យភ្នំ ឬហៅថា (ពិធីបុណ្យឡើងអ្នកតាភ្នំ) មិនដែលខនខានឡើយ។

បើតាមអ្នកស្រុកប្រាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦កើត និង៧កើត ខែជេស្ឋ ក្នុងខែឧសភា ឬខែទី៥ អ្នកភូមិដែលរស់នៅក្បែរជើង “ភ្នំចំបាប់” ពិសេសប្រជាពលរដ្ឋក្នុងភូមិតានន ឃុំត្នោត  ស្រុកបាទី ខេត្តតាកែវ តែងតែនាំគ្នារៀបចំប្រារព្ធធ្វើពិធីបុណ្យភ្នំ ឬហៅថា(ពិធីបុណ្យឡើងអ្នកតាភ្នំ)ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន សិរីសួស្តីក្នុងក្រុមគ្រួសារ សុំលាភ សុំជ័យ សុំទឹកភ្លៀង ពីបារមីអ្នកតា “ភ្នំចំបាប់” ទៅតាមទំនៀមទម្លាប់ និងប្រពៃណីជំនឿសាសនា របស់អ្នកភូមិដែលមានជាយូរលង់មកហើយ ពោលតាំងពីចាស់ៗជំនាន់ដើមម្ល៉េះ និងបន្តរហូតមកដល់កូនចៅជំនាន់ក្រោយនាបច្ចុប្បន្ននេះ។

ចំពោះដង្វាយដែលត្រូវរៀបចំក្នុងពិធីបុណ្យភ្នំ ឬហៅថា(ពិធីបុណ្យឡើងអ្នកតាភ្នំ)មានដូចជា ថ្វាយភ្លេងពិណពាទ្យចំនួន៧បទ រៀបចំបាយសី ធម៌ដូង ចេក ធូប ទៀន ផ្កាភ្ញី ផ្លែឈើ ម្លូរ ស្លា បារី បច្ច័យ និងភេសជ្ជៈជាច្រើនមុខទៀត អាស្រ័យលើអ្នកស្រុកយកទៅថ្វាយ។

អ្នកស្រុកបានឲ្យដឹងថា ពិធីបុណ្យភ្នំ ឬហៅថា(ពិធីបុណ្យឡើងអ្នកតាភ្នំ)ធ្វើឡើងចំនួន២ថ្ងៃ គឺនៅល្ងាចថ្ងៃ៦កើត និមន្តព្រះសង្ឃធ្វើពិធីសូត្រមន្ត លុះព្រឹកឡើងថ្ងៃ ៧កើត រៀបចំធ្វើពិធីបន់ស្រន់ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន និងធ្វើការដង្ហែចំនួន ៣ជុំ ជាកិច្ចបញ្ចប់ ដែលរយៈពេល២ថ្ងៃ នៃពិធីបុណ្យភ្នំ ឬហៅថា(ពិធីបុណ្យឡើងអ្នកតាភ្នំ)នេះ មានប្រជាពលរដ្ឋមកពីភូមិផ្សេងៗ និងមកពីចម្ងាយដូចជា អ្នកភ្នំពេញ ឬតាមបណ្តាខេត្តមួយចំនួនផងដែរបានមកចូលរួមយ៉ាងច្រើនកុះករ ដើម្បីធ្វើការបន់ស្រន់ទៅតាមអ្វីដែលពួកគេប្រាថ្នារៀងៗខ្លួន៕ អត្ថបទ៖ ថោង វណ្ណា