កម្ពុ​ជាមាន​អត្ត​ព​លិ​ក​២៣៦​នាក់ ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

ភ្នំពេញ ៖ កម្ពុជា មាន​អត្ត​ព​លិ​ក​ចំនួន​២៣៦ នាក់ បាន​ចុះឈ្មោះ​រួចរាល់ ដែល​ទទួលស្គាល់​ដោយ​គណៈកម្មការ​អន្តរជាតិ សម្រាប់​ដាក់​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​ក្នុងចំណោម​ប្រភេទ​កីឡា​ចំនួន​១៤ បូករួម​ទាំង​កីឡា E-Sport ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​កម្ពុជា​អត្ត​ព​លិ​ក​ចំនួន​២៣៦ នាក់​គឺមាន កីឡាករ​ចំនួន ១៦០ នាក់ កីឡាការិនី​ចំនួន ៧៦ នាក់ និង​មន្ត្រី​ដែល​ចុះ​ជាប់​ហ្នឹង​កីឡាករ​មាន​ចំនួន ៦៤ នាក់​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​មាន​ប្រភេទ​កីឡាអត្តពលកម្ម​, វាយ​សី​, ប៊ូ​ស្យា​, អុក​, បាល់ទាត់​៥​ម្ខាង​, បាល់ទាត់​៧​ម្ខាង​, បាល់បោះ​ពិការភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, ហែល​ទឹក​, វាយ​កូនឃ្លី​លើ​តុ បុរស​-​នារី​, បាល់ទះ​អង្គុយ​បុរស​-​នារី​, បាល់បោះ​ជិះរទេះ​បុរស​-​នារី​, និង​កីឡា E-Sport​។​

គួររម្លឹកថា កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ២៨ ពី​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​ក្នុងនោះ រួមមាន​មាស ៧ ប្រាក់ ១០ និង​សំរឹទ្ធ ១១ ក្នុង​វិញ្ញាសា បូ​ស៊ី​យ៉ា បាល់ទះ​អង្គុយ​បុរស បាល់បោះ​រទេះរុញ​នារី វាយ​កូនឃ្លី​លើ​តុ អុក អត្តពលកម្ម និង​ហែល​ទឹក​៕