រដ្ឋមន្រ្តីក្រសួងកសិកម្មសន្យាគៀងគរឲ្យមានការជួយពីវិស័យឯកជន និងគម្រោងអង្គការនានាដល់សហគមន៍កសិកម្មក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឌិត ទីណាត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះទស្សនកិច្ចនៅសហគមន៍កសិកម្មអ៊ំឃួមរុងរឿងបណ្តុំអាជីវកម្មម្នាស់សហគមកសិកម្មអូរពងមាន់នៅទីតាំងសហគ្រាសហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង ក្នុងពិធីទស្សនកិច្ច និងសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសមាជិកនៃសហគមទាំង៤ប្រមាណ២០០នាក់។
តាមរបាយការណ៍លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នៅទូទាំងខេត្តមានផ្ទៃដីសម្រាប់ដាំដុះដំណាំកសិកម្មមានជាង១សែនហិកតា ក្នុងនោះសម្រាប់ផ្ទៃដីដាំដំណាំស្វាយចន្ទីមានចំនួន៤៤៥២៧ហិកតា និងទទួលបានផលប្រមាណ៤០ពាន់តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់សហគមន៍កសិកម្មនៅទូទាំខេត្តស្ទឹងត្រែងមានចំនួន១៧សហគមដែលបានបង្កើត និងទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងនោះមានដើមទុនសរុបជាង៥៦៩ លានរៀល។
សម្រាប់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែងទើបបានបង្កើតឡើងនៅលើទឹកដីឃុំស្រែក្រសាំងនៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរួមចំណែកជួយទិញនូវផលិតផលគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងតម្លៃសមរម្យខ្ពស់ជាងទីផ្សារ។
គួរកត់សម្គាល់ផងដែរថា សហគ្រាសនេះក៏បានទទួលយកកម្លាំងពលកម្មក្នុងមូលដ្ឋានជាពិសេសក៏បានចូលរួមលើកកម្ពស់ ស្រ្តីម៉េម៉ាយឲ្យមានការងារធ្វើជៀសពីការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយទទួលបាននូវប្រាក់បៀរវត្សសមរម្យ។
ទន្ទឹមនោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់បងប្អូនសហគមទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការដាំដុះនៅលើផលិតកម្មរបស់ខ្លួន ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសន្យាថានឹងខិតខំគៀងគរឲ្យមានការជួយពីវិស័យឯកជនក៏ដូចជាតាមរយៈគម្រោងអង្គការនានាដើម្បីជួយដល់បងប្អូនសហគមនាថ្ងៃខាងមុខផងដែរ៕ ម៉ាវិន