អូស្រ្តាលី និងឥណ្ឌា ស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធ លើវិស័យសេដ្ឋកិច្ច
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នៅថ្ងៃពុធ បានជួបនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងទីក្រុងស៊ីដនី ដើម្បីពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើអន្តោប្រវេសន៍ ដើម្បីបង្កើនចំនួននិស្សិតឥណ្ឌា ក៏ដូចជាជំរុញការធ្វើដំណើរកម្សាន្ត បែបអាជីវកម្ម ទៅកាន់ប្រទេសអូស្ត្រាលី។
បន្ទាប់ពីកិច្ចបញ្ចប់ប្រជុំទ្វេភាគី លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងក៏បានពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងថាមពលកកើតឡើងវិញ ហើយប្រទេសទាំងពីរបានបង្កើតក្រុមការងារអ៊ីដ្រូសែន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើថាមពលស្អាត»។
បើតាមក្រុមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីផលប៉ះពាល់ នៃសង្រ្គាមរុស្ស៉ីជាមួយអ៊ុយក្រែនទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសផ្នែកសន្តិសុខស្បៀង និងប្រេងឥន្ធនៈ។ ពួកគេបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើការរុករករ៉ែសំខាន់ៗ ហើយនឹងធ្វើការឆ្ពោះដើម្បីទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយ៕